កត្តាប្រឈមមុខ នឹងគ្រួសក្នុងតម្រងនោម
Posted by
Unknown
កត្តាប្រឈមមុខ របស់ជំងឺគ្រួសក្នុងតម្រងនោម មានច្រើនខ្លាំងណាស់ ហើយអ្នកក៏ទំនងជាអាច មានកត្តាទាំងនេះ ក្នុងខ្លួនច្រើនផងដែរ។ មានរឿងខ្លះ អ្នកអាចគ្រប់គ្រងបាន ហើយខ្លះទៀត មិនអាចឡើយ។
កត្តាប្រឈមមុខ ដែលអាចគ្រប់គ្រងបាន
ចំនួនជាតិទឹក ដែលអ្នកទទួលទាន ៖ មូលហេតុនៃជំងឺគ្រួសក្នុងតម្រងនោម ដែលកើតមានជាញឹកញាប់បំផុតនោះ គឺការមិនបានទទួលទានទឹកគ្រប់គ្រាន់។ ចូរព្យាយាមញ៉ាំទឹក ឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាទឹកនោមឱ្យនៅថ្លា ឬលឿងបន្តិច (ប្រហែល ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ)។
របបអាហារ ៖ របបអាហារដែលមានជាតិប្រូតេអ៊ីន សូដ្យូម និងសម្បូរជាតិអុកសាឡាតដូចជា បន្លែពណ៌បៃតងចាស់ សុទ្ធតែបង្កើនការប្រឈម នឹងគ្រួសក្នុងតម្រងនោមបានទាំងអស់។ បើសិនជាអ្នកយល់ថា របបអាហារអ្នក ប្រហែលជាមានបញ្ហានោះ ចូរធ្វើការណាត់ជួប និងពិគ្រោះជាមួយអ្នកជំនាញខាងរបបអាហារ អំពីជម្រើសអាហាររបស់អ្នកទៅ។
ជាមនុស្សធាត់ លើសទម្ងន់ធម្មតា ៖ រឿងនេះ អាចបណ្តាលឱ្យអាំងស៊ុយលីនក្នុងខ្លួន ធ្វើការមិនបានល្អ និងបង្កើនចំនួនជាតិកាល់ស្យូមក្នុងទឹកនោមទៀត ដែលវាជាហេតុនាំឱ្យ ប្រឈមនឹងគ្រួសក្នុងតម្រងនោមកាន់តែខ្លាំង។
ប្រើថ្នាំ ៖ មានថ្នាំមួយចំនួនដូចជា Acetazolamide (Diamox) និង Indinavir (Crixivan) អាចធ្វើឱ្យកើតជាគ្រួស ក្នុងតម្រងនោមដែរ។
កត្តាប្រឈមមុខ ដែលអ្នកមិនអាចគ្រប់គ្រងបាន
• អាយុ និងភេទ ៖
o បុរសអាយុពី ៣០ ទៅ ៥០ ឆ្នាំ
o ស្ត្រីក្រោយរ៉ាំងរដូវ ដោយសារតែអ័រម៉ូនភេទអឹស្ត្រូសែនថយចុះ និងស្ត្រីកាត់ក្រពេញអូវ៉ែចោល
• គ្រួសារ ធ្លាប់មានប្រវត្តិ កើតគ្រួសក្នុងតម្រងនោម
• ប្រវត្តិផ្ទាល់ខ្លួន ឧស្សាហ៍មានការបង្ករោគនៅផ្លូវទឹកមូត្រ
• មានជំងឺផ្សេងៗ ដូចជាជំងឺ រលាកពោះវៀន (Crohn’s disease) លើសអ័រម៉ូនក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ឬជំងឺរលាកសន្លាក់ហ្គោដ។
• វះកាត់ពោះវៀន ឬវះកាត់តពោះវៀន
• អាំងស៊ុយលីនក្នុងខ្លួន ប្រើការលែងបាន ដោយសារតែជំងឺទឹកនោមផ្អែម ឬធាត់ជ្រុល៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 មេសា ឆ្នាំ 2015