ខណៈពេលដែលគ្រូពេទ្យ ប្រហែលជាអាចព្យាបាល អាការៈត្អើកបាននោះ ប៉ុន្តែ យើងនៅតែមានវិធី ដែលអាចឱ្យអាការៈនេះ បាត់ទៅវិញបានដែរ ទោះបីយើងមិនមែនជាពេទ្យក៏ដោយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា មានវិធីព្យាបាលដោយខ្លួនឯងច្រើនណាស់ ដែលត្រឹមត្រូវ ហើយមានប្រសិទ្ធភាពទៀត។ ខាងក្រោមនេះ យើងខ្ញុំនឹងលើកយកវិធី នៃការញ៉ាំទឹក ដែលវាជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន សម្រាប់ព្យាបាលការត្អើក។
ចូរដាក់ទុយោរមួយ ចូលក្នុងកែវទឹក បន្ទាប់មក យកដៃទាំងសងខាងញ៉ុកត្រចៀក ហើយចាប់ផ្តើមបឺតទឹកតាមទុយោរនោះ។ គ្មាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាវិធីនេះ មានប្រសិទ្ធភាពនោះទេ ប៉ុន្តែ វាគ្រាន់តែជាប្រភេទ នៃការលេបទឹកមាត់ ដើម្បីឱ្យបាត់ការត្អើកនោះប៉ុណ្ណោះ។ វិធីនេះ នឹងមានប្រសិទ្ធភាពល្អបំផុត (ផឹកពីរបីក្អឹក) សម្រាប់មនុស្សវ័យក្មេង និងកូនក្មេង ចំណែកឯមនុស្សចាស់ ប្រហែលជាត្រូវធ្វើបែបនេះ ពីរបីដងអីទើបបាន។
- ប្រើទុយោរពីរបំពង់វិញ
ចូរយកកែវទឹកមួយ និងទុយោរពីរបំពង់។ ចូរដាក់ទុយោរមួយទៅក្នុងកែវដូចធម្មតា និងមួយទៀតដាក់នៅពីក្រៅកែវវិញ។ ប៉ុន្តែចុងម្ខាងនៃទុយោរទាំងពីរ ត្រូវដាក់ចូលទៅក្នុងមាត់ បន្ទាប់មកចូរបឺតទឹកតាមទុយោរដូចធម្មតា ហើយត្រូវបឺតទឹកឱ្យចូលក្នុងមាត់បានច្រើនសិន ចាំលេប។
ចូរដាក់កែវទឹកមួយ នៅលើកៅអី ហើយអង្គុយនៅលើកៅអីមួយទៀត ចំពីមុខ។ ចូរបែរមករកកែវទឹក និងផឹកទឹកនោះ ឱ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន ប៉ុន្តែ មិនឱ្យប្រើដៃ កាន់កែវឡើយ។
ចូរដាក់ទឹកក្នុងកែវ តែកន្លះកែវបានហើយ។ ចូរសម្រាកលើគ្រែ បន្ទាប់មក ចាប់យកកែវទឹកនោះមកញ៉ាំពេលកំពុងគេងតែម្តងទៅ។ ដើម្បីអាចញ៉ាំបាន អ្នកគួរតែងើបខ្លួនបន្តិច។ ចូរលេបទឹកឱ្យបានពីរបីក្អឹក ហើយគេងខ្លួនឱ្យត្រង់។ បើសិនជាការត្អើកមិនបាត់ទៅវិញទេ ចូរញ៉ាំបន្តិចទៅទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ 2015